Hebrews 10

1ដ្បិតគម្ពីរវិន័យមាន​តែ​ស្រមោល​នៃ​សេចក្ដីល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​មិនមែន​ជា​រូបពិតនៃ​សេចក្ដី​នោះទេ​ដូច្នេះ​គម្ពីរ​វិន័យ​មិនអាច​ធ្វើ​ឲ្យ​ពួក​អ្នក​ដែលចូលមក​ដោយ​ថ្វាយ​យញ្ញបូជាដដែលៗរៀងរាល់ឆ្នាំ​ឥត​ឈប់ឈរ​នោះ​បាន​គ្រប់​លក្ខណ៍​ឡើយ 2ហើយប្រសិន​បើ​អាច​មែន​នោះ​ពួក​អ្នកបម្រើ​មុខជាឈប់​ថ្វាយ​យញ្ញបូជា​ទៀត​ហើយ​ព្រោះ​កាលណា​ពួកគេ​បាន​ស្អាតម្ដង​ហើយ​ពួកគេ​មុខជា​លែងមានអារម្មណ៍​ថា​ខ្លួន​មានបាប​ទៀត​ហើយ 3ផ្ទុយទៅវិញការ​ថ្វាយ​យញ្ញបូជានោះរំឭក​ពួកគេ​ឲ្យនឹកឃើញ​ពី​បាប​ជា​រៀងរាល់ឆ្នាំ 4ព្រោះឈាមគោឈ្មោលនិងពពែឈ្មោលមិន​អាច​ដកយកបាប​ចេញ​បាន​ទេ 5ហេតុនេះហើយ​នៅពេល​ព្រះ​គ្រិស្ដ​យាង​មកក្នុងពិភពលោកនេះ​ព្រះអង្គ​មានបន្ទូលថា៖ ​«ព្រះអង្គ​មិនចង់បានយញ្ញបូជានិងតង្វាយឡើយប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំរូបកាយ​មួយ​សម្រាប់​ខ្ញុំ 6ព្រះអង្គមិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយដុត​ឬ​តង្វាយ​លោះ​បាបឡើយ 7ដូច្នេះហើយ​បានជា​ខ្ញុំ​ទូលថា​ឱ​ព្រះជាម្ចាស់​អើយ!មើល៍​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើតាមបំណង​របស់​ព្រះអង្គ​ស្របតាម​សេចក្ដី​ដែល​បាន​ចែង​ទុក​នៅក្នុងកណ្ឌគម្ពីរមួយអំពីខ្ញុំស្រាប់»។ 8នៅខាងលើ​ព្រះអង្គ​មានបន្ទូលថា​ព្រះអង្គ​មិនចង់បានយញ្ញបូជាតង្វាយតង្វាយដុតនិង​តង្វាយ​លោះបាប​ហើយ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដែល​គេ​ថ្វាយតាមគម្ពីរវិន័យ​ឡើយ 9បន្ទាប់មកព្រះអង្គ​ក៏​មានបន្ទូលថាមើល៍​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើតាមបំណង​របស់​ព្រះអង្គ។ ​ដូច្នេះ​ហើយ​ព្រះអង្គ​លុប​របៀប​មុនចោលដើម្បីតាំង​របៀប​ថ្មី 10ដោយសារបំណង​របស់​ព្រះអង្គ​នេះ​ហើយ​បានជាយើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធតាមរយៈរូបកាយ​របស់​ព្រះ​យេស៊ូគ្រិស្ដ​ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច 11សង្ឃគ្រប់ៗរូប​តែងតែ​ឈរបំពេញមុខងារ​របស់​ខ្លួន​រៀងរាល់ថ្ងៃហើយថ្វាយយញ្ញបូជាដដែលៗម្ដង​ហើយ​ម្ដងទៀតដែលមិនអាចដក​យក​បាបចេញបានឡើយ 12រីឯព្រះ​គ្រិស្ដវិញ​បន្ទាប់​ពី​បាន​ថ្វាយយញ្ញបូជាតែមួយ​ដែល​នៅអស់កល្បសម្រាប់បាប​រួច​មក​ព្រះអង្គ​ក៏​គង់​នៅខាងស្ដាំព្រះជាម្ចាស់ 13ទាំងរង់ចាំ​តាំងពី​ពេលនោះ​មក​រហូតដល់​ព្រះជាម្ចាស់​ដាក់​ខ្មាំង​សត្រូវរបស់ព្រះអង្គ​ជា​កំណល់បាទា​របស់​ព្រះអង្គ 14ដ្បិតដោយសារ​តង្វាយតែមួយ​នេះ​ព្រះអង្គ​ធ្វើឲ្យ​ពួក​អ្នកដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍អស់កល្បជានិច្ច 15រីឯព្រះ​វិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់យើង​អំពី​ការ​នេះ​ដែរគឺ​ក្រោយ​ពី​ព្រះអង្គ​មានបន្ទូលថា 16«ព្រះអម្ចាស់មានបន្ទូលថានេះជា​កិច្ច​ព្រមព្រៀងដែល​យើង​នឹង​តាំងជាមួយពួកគេនៅក្រោយថ្ងៃទាំងនោះ​គឺ​យើង​នឹង​ដាក់ក្រឹត្យវិន័យ​របស់​យើងក្នុងចិត្ដ​របស់​ពួកគេ​ទាំង​ចារឹកក្នុងគំនិត​របស់​ពួកគេ​ផង» 17ព្រះអង្គក៏​មាន​បន្ទូល​ទៀត​ថា៖ ​«យើង​មិននឹកចាំ​ពី​បាបនិង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេទៀតឡើយ»។ 18ទីណាមាន​ការ​លើកលែងទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំងនេះ​ទីនោះ​គ្មានតង្វាយសម្រាប់បាប​ទៀត​ឡើយ 19ហេតុនេះបងប្អូនអើយ! ​យើង​មាន​សេចក្ដី​ក្លាហានចូល​ក្នុង​ទី​បរិសុទ្ធ​បំផុតដោយសារឈាម​របស់​ព្រះ​យេស៊ូ 20និងដោយសារ​ផ្លូវថ្មី​ជា​ផ្លូវ​ដ៏​រស់ដែល​ព្រះអង្គ​បាន​រៀបចំឲ្យយើងឆ្លងកាត់វាំងននដែលជារូបសាច់​របស់​ព្រះអង្គ 21ហើយដោយ​សារ​យើង​មាន​សង្ឃ​មួយ​អង្គដ៏ធំ​ដែល​គ្រប់គ្រង​លើដំណាក់​របស់​ព្រះជាម្ចាស់ 22នោះចូរ​ឲ្យ​យើង​ចូលទៅជិត​ព្រះជាម្ចាស់​ដោយចិត្ដស្មោះត្រង់​និង​ជំនឿជឿជាក់​ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះសំអាតពីមនសិការអាក្រក់និងរូបកាយ​ដែល​បាន​លាងសំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។ 23ចូរឲ្យ​យើង​កាន់​សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់ខ្ជួនឥត​រង្គើ​ឡើយដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ព្រះអង្គ​ស្មោះ​ត្រង់ 24ហើយចូរ​ឲ្យ​យើង​យកចិត្ដ​ទុកដាក់​ចំពោះគ្នា​ទៅវិញ​ទៅមកដើម្បីជួយ​លើក​ទឹកចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រលាញ់និង​ការ​ប្រព្រឹត្ដិល្អ 25កុំឲ្យ​យើង​បោះបង់ចោល​ការ​ជួបជុំគ្នាដូចជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយផ្ទុយទៅវិញ​ចូរ​ឲ្យ​យើង​លើក​ទឹកចិត្ត​គ្នាកាន់តែខ្លាំង​ឡើង​ថែម​ទៀត​ដោយឃើញថាថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិតដល់​ហើយ 26ដ្បិតបន្ទាប់ពីយើង​បាន​ទទួលចំណេះដឹងខាងឯសេចក្ដីពិត​ហើយ​ប៉ុន្ដែ​នៅតែ​ប្រព្រឹត្ដ​បាប​ដោយ​ចេតនាទៀត​នោះ​គ្មានយញ្ញបូជា​ណា​សម្រាប់បាប​ទៀត​ទេ 27មានតែរង់ចាំ​ដោយ​ភ័យ​រន្ធត់​ចំពោះ​ការ​ជំនុំជម្រះនិងភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ត្រៀមនឹង​ឆេះ​បំផ្លាញ​ពួក​អ្នកប្រឆាំង​ប៉ុណ្ណោះ។ 28អ្នកដែលបដិសេធគម្ពីរវិន័យ​របស់​លោក​ម៉ូសេ​ដោយ​មានបន្ទាល់​របស់​សាក្សីពីរបីនាក់​អ្នក​នោះ​ត្រូវ​ស្លាប់ដោយឥតប្រណី​ឡើយ 29ចុះទម្រាំ​អ្នក​ដែលជាន់ឈ្លី​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ហើយចាត់ទុកឈាម​នៃ​កិច្ច​ព្រមព្រៀងដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិនស្អាតព្រមទាំងមើលងាយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គុណ​វិញ​តើ​អ្នករាល់គ្នា​គិតថា​គេ​សម​នឹង​ទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ? 30ដ្បិតយើង​ស្គាល់​ព្រះអង្គ​ដែល​បាន​មានបន្ទូលថា៖ ​«ការ​សងសឹក​ស្រេច​លើ​យើងយើង​នឹង​តបស្នង​ពួកគេ​វិញ»។ ​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖ ​«ព្រះអម្ចាស់​នឹង​ជំនុំជម្រះរាស្ដ្ររបស់ព្រះអង្គ»។ 31ការធ្លាក់ក្នុង​ព្រះ​ហស្ដ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ជា​ការ​គួរ​ឲ្យ​ភ័យខ្លាច​ណាស់ 32ដូច្នេះចូរ​នឹកចាំ​ពី​គ្រាមុន​គឺ​ក្រោយពី​អ្នករាល់គ្នា​បាន​ទទួលពន្លឺពេលនោះ​អ្នករាល់គ្នា​បាន​ស៊ូទ្រាំ​នឹង​ការ​តយុទ្ធយ៉ាងខ្លាំង​នៅក្នុង​ការ​រងទុក្ខ​លំបាក 33ពេលខ្លះ​អ្នករាល់គ្នា​ត្រូវ​គេ​ប្រមាថមើលងាយព្រមទាំង​ត្រូវ​គេ​ធ្វើបាប​នៅ​ទី​ប្រជុំជនហើយពេល​ខ្លះ​ទៀត​អ្នករាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែលរងអំពើដូច្នោះ​ដែរ 34ព្រោះអ្នករាល់គ្នា​មាន​ចិត្ដ​អាណិតអាសូរ​អស់​អ្នក​ដែលជាប់ឃុំឃាំងហើយសុខចិត្ដ​ឲ្យ​គេ​រឹបអូសទ្រព្យសម្បត្ដិ​របស់​ខ្លួនដោយអំណរ​ដោយ​ដឹងថាខ្លួនមានទ្រព្យសម្បត្ដិ​ដ៏​ប្រសើរជាង​នោះ​ហើយ​នៅ​ស្ថិតស្ថេរ​រហូត។ 35ដូច្នេះចូរ​អ្នករាល់គ្នាកុំបោះបង់​ការ​ជឿជាក់ដែលមានរង្វាន់ធំ​នេះ​ឡើយ 36ដ្បិតអ្នករាល់គ្នា​ត្រូវមាន​ការ​អត់ធ្មត់ដើម្បី​ក្រោយពី​ធ្វើតាមបំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​អ្នករាល់គ្នា​នឹង​ទទួលបាន​អ្វីៗ​តាម​សេចក្ដី​សន្យា 37ព្រោះនៅតែបន្ដិចទៀតប៉ុណ្ណោះ​ព្រះអង្គ​ដែល​ត្រូវ​យាងមក​នឹង​យាង​មក​ដល់​ព្រះអង្គ​មិនបង្អែបង្អង់ឡើយ 38ប៉ុន្តែមនុស្ស​សុចរិត​របស់​យើង​នឹង​រស់នៅដោយសារជំនឿហើយបើ​គេ​ដកខ្លួនថយ​នោះ​យើងមិនពេញចិត្ដនឹងគេឡើយ 39យើងមិនមែនជា​អ្នក​ដែល​ដកខ្លួនថយ​ដែល​នាំ​ឲ្យ​វិនាសឡើយផ្ទុយទៅវិញ​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដែល​នាំ​ឲ្យ​បានជីវិត
Copyright information for KhmKCB